ខេត្តប៉ៃលិន៖ ប្រជាពលរដ្ឋរស់នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ បានសម្តែងនូវក្តីព្រួយបារម្ភយ៉ាងខ្លាំង ពីបញ្ហាសុខភាព និងការរស់នៅក្នុងមូលដ្ឋាន ដោយសារតែរថយន្តដឹកអាចម៍ដីលក់ជាច្រើន របស់ក្រុមហ៊ុនឯកជន មកឈរជើងកាយអាចម៍ដីជើងភ្នំព្រាលយកលក់ យ៉ាងអាណាធិបតេយ្យ បណ្តាលឲ្យខូចទ្រង់ទ្រាយដើម ខណៈអាជ្ញាធរឃុំស្ទឹងត្រង់គ្មានសិទ្ធិក្នុងការហាមឃាត់ ព្រោះក្រុមហ៊ុនគ្រឿងចក្រទាំងនោះមានច្បាប់អនុញ្ញាតិពីអាជ្ញាធរខេត្ត ដែលមានចំណារឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនផងដែរ ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យអ្នកយកព័ត៌មានដឹងនៅព្រឹកថ្ងៃទី១៩ ខែមិថុនា នេះថា៖ រាល់ថ្ងៃនេះ នៅតាមផ្លូវក្នុងភូមិរបស់ពួកគាត់ ជាច្រើនខ្សែ បានរងការខូចខាតបណ្តើរៗ ពិសេសផ្លូវក្នុងភូមិដីស ឃុំស្ទឹងត្រង់ ហើយនៅពេលដែលរថយន្តដឹកអាចម៍ដីលក់ របស់ក្រុមហ៊ុនបើកចេញមកម្តងៗ មិនដែល មានការគ្របអ្វីឡើយ ហើយបានធ្វើឲ្យជ្រុះដី រាយប៉ាយពេញដងផ្លូវ ជាពិសេសរថយន្តក្រុមហ៊ុនទាំងនោះ បើកបរក្នុងល្បឿនលឿន បណ្តាលឲ្យអ្នកធ្វើដំណើរឆ្លងកាត់ បើកភ្នែកមើលមិនឃើញផ្លូវ ហើយបើត្រូវខ្យល់បក់វិញហ៊ុយទ្រលោម ចូលភ្នែក ចូលច្រមុះ ព្រមទាំងហ៊ុយចូលផ្ទះពួកគាត់ ដែលជៈឥទ្ធិពលអាក្រក់ អាចបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ និងកើតជម្ងឺផ្សេងៗបាន ។
ប្រភពព័ត៌មានបានបន្តថា៖ វាពិតជា អយុត្តិធម៌ណាស់ សម្រាប់ការរស់នៅ របស់ពួកគាត់ ដូចជាការរស់នៅក្នុងឋាននរកអញ្ចឹង គឺមួយថ្ងៃទៅ មួយថ្ងៃ មិនដែលបានស្រូបខ្យល់បរិសុទ្ធទេ ស្រូបបានតែដីហុយ មកលើសម្លៀកបំពាក់ ផ្ទះសំបែង ចំណែកផ្លូវមួយចំនួន ត្រូវបានក្លាយជាផ្លូវសម្បុកមាន់ សម្បុកទា រហូតមិនអាចធ្វើដំណើរបាន ។ពួកគាត់ ក៍បានបន្តទៀតថា៖ ពួកគាត់អស់សង្ឃឹមយ៉ាងខ្លាំង ចំពោះអាជ្ញាធរភូមិ/ឃុំ ដោយសារតែពួកគាត់ បានរាយការប្រាប់ពីមូលហេតុនេះដែរ ប៉ុន្តែអាជ្ញាធរ ហាក់គ្មានដំណោះ ស្រាយទាល់តែសោះ ឬ មួយក៏អាជ្ញាធរទាំងនោះ បានទទួលសំណែន ពីពួកក្រុមហ៊ុន ដែលរកស៊ីកាយដីនិងដឹកដី លក់ទាំងនោះទេដឹង បានជាគ្មានចំណាត់ការអញ្ចឹង? ។
ពាក់ព័ន្ធបញ្ហាខាងលើនេះ ត្រូវបានលោក កែវ រំដេត មេឃុំស្ទឹងត្រង់ និងលោក វ័រ រួម ជំទប់ទី១ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ មានប្រសាសន៍រួមគ្នាឲ្យអ្នកយកព័ត៌មានដឹងនៅព្រឹកថ្ងៃទី១៩ ខែមិថុនា នេះថា៖ មិនថាផ្ទះប្រជាពលរដ្ឋនោះទេ ដែលដីហ៊ុយចូល សូម្បីតែក្នុងសាលាឃុំស្ទឹងត្រង់ ក៍អាជ្ញាធរមកធ្វើការ អង្គុយហិតដីហ៊ុយចូលដែរ ។បើនិយាយពីផ្លូវវិញគឺខូចជាបណ្តើៗហើយ ពិសេសផ្លូវនៅភូមិដីស ឃុំស្ទឹងត្រង់ ។
លោក បានបន្តថា៖ ក្រុមហ៊ុនដែលកាយអាចម៍ដីលក់ នៅក្នុងឃុំ មានតែមួយគត់ ដែលមានច្បាប់ ចំណែកផ្សេងៗទៀត វាជារថយន្តរបស់អ្នកភូមិតួចៗប៉ុណ្ណោះ ហើយកន្លងមក ប្រជាពលរដ្ឋធ្លាប់បានប្តឹងមកលោកដែរ ប៉ុន្តែលោកមិនមានសមត្ថកិច្ច ចុះឃាត់ក្រុមហ៊ុនទាំងនោះទេ ដោយសារតែគេមានច្បាប់អនុញ្ញាតិពីរដ្ឋបាលខេត្ត ដែលមានចំណារឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិនផងដែរ (សូមស្តាប់ការបញ្ជាក់បន្ថែមពីលោក កែវ រំដេត មេឃុំស្ទឹងត្រង់ និងលោក វ័រ រួម ជំទប់ទី១ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន)។
សូមបញ្ជាក់ដែរថា៖ យោងតាមសេចក្តីសម្រេចលេខ០២៣/១៩សសរ របស់រដ្ឋាបាលខេត្តប៉ៃលិន ស្តីពីការផ្តល់អាជ្ញាបណ្ណសិប្បកម្មធនធានរ៉ែ សម្រាប់សេវាកម្មជីកអាចម៍ដី-រណ្តៅដីចល័ត ដែលមានចំណារអនុញ្ញាតិ របស់ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ បានផ្តល់សិទ្ធឲ្យឈ្មោះ នៅ វុទ្ធី ម្ចាស់ក្រុមហ៊ុនគ្រឿងចក្រកាយអាចម៍ដី ដំណើរការនៅក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិនផងដែរ ៕